(ព្រៃវែង)៖ កសិករនៅស្រុកបាភ្នំ មួយចំនួន បានប្រកបការងារ ដាំត្រកួនលក់ គ្រាន់នឹងបានប្រាក់ ដោះស្រាយជីវភាព និងជាបន្លែប្រចាំគ្រួសារ។
ត្រកួនជាបន្លែដ៏ល្អមួយ ក្នុងចំណោមបន្លែផ្សេងៗ ជាច្រើនទៀត ដែលគេយកមកច្នៃធ្វើជាម្ហូប បានច្រើនមុខ តាមតម្រូវការសម្រាប់បរិភោគ។
អ្នកស្រី អុល អាយុជាង ៤០ ឆ្នាំ មានទីលំនៅ នៅភូមិផ្លូវរលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា គាត់តែងដាំត្រកួន ជារៀងរាល់ឆ្នាំ គឺគ្រាន់នឹងបានលក់ យកប្រាក់ដោះស្រាយជីវភាព បានមួយចំណែក ជៀសវាងទុកដីចោល អត់ប្រយោជន៍។ រីឯអ្នកផ្សេងៗទៀត ដែលដាំត្រកួន នៅជិតនោះ ក៏មិនខុសគ្នានឹងគាត់ដែរ ទាំងការដាំដុះ និងបេះយកមកលក់។ ក្នុងនោះ ពួកគាត់ដាំមិនធំដុំអ្វីប៉ុន្មានទេ គឺជាលក្ខណៈគ្រួសារ ដែលបានដាំ ក្នុងទំហំក្បាលដី ចាប់ពី ៧ម៉ែត្រ ដល់១៥ម៉ែត្រ និងបណ្ដោយចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ក្នុងម្នាក់ៗ ហើយនៅចំណុចនោះ មានកសិករដាំត្រកួន ប្រមាណជាង ១០នាក់។
ក្នុងទំហំដីប៉ុន ខាងលើ គឺគាត់បេះត្រកួនលក់ បានចាប់ពី៣០ដុំ ទៅ៥០ដុំ ក្នុងមួយថ្ងៃ ដោយក្នុង១ដុំ លក់បានតម្លៃ ៣០០ រៀល។ មិនតែប៉ុណ្ណោះ គាត់ក៏អាចយកត្រកួននោះ មកធ្វើម្ហូបក្នុងគ្រួសារទៀតផង ដើម្បីកាត់បន្ថយក្នុងការទិញបន្លែ ពីផ្សារ ឬនាំចូលពីបរទេស។ ពោលគឺបានទាំងលក់ នៅលើទីផ្សារ និងបានជាបន្លែ សម្រាប់ទ្រទ្រង់គ្រួសារ កសិករដែលនៅម្ដុំនោះ ខណៈត្រកួនទាំងនេះ ជារបស់ធម្មជាតិពិតៗ ដែលដាំដុះក្នុងស្រែ។
ប្រភពបានឲ្យដឹងទៀតថា ការដាំត្រកួននេះ ដំបូងគេរកមើលដីទំនាប និងមានទឹកដក់ រួចភ្ជួររាស់ដី ហើយយកត្រកួនមកដាំ ក្នុងចំងាយចន្លោះកន្លះម៉ែត្រ ១ទង រាយពេញស្រែ។ លុះដល់រយៈពេល ៣០ថ្ងៃ ទៅ៤០ថ្ងៃ គឺយើងអាចទទួលផល ដោយបេះក្ដិចត្រួយវា បានជាណ្ដើរៗ ហើយត្រកួន ក៏ពេញវ័យលូតលាស់យូៗ ណែនពេញស្រែ។ មួយថ្ងៃបេះជ្រុងខាងណេះ ដល់មួយថ្ងៃទៀត បេះជ្រុងខាងណោះ វិលជុំ។
កសិករម្នាក់ បានលើកឡើងថា គាត់ចូលចិត្តទិញត្រកួន យកមកធ្វើសម្លម្ជូរ ដែលជាមុខម្ហូបប្រចាំគ្រួសារ ហើយក៏យកត្រកួន មកធ្វើបន្លែចុចទឹកប្រហុក ទឹកគ្រឿង ឆា ស្លជាច្រើនមុខទៀត តាមតម្រូវការ៕
ត្រកួន កសិផលបន្ទាប់បន្សំរបស់កសិករ នៅស្រុកបាភ្នំ
Share this
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ
- ដោយ:Admin
- Tag: កសិកម្ម
- ប្រភព: Cambo-template
- Date: Sunday 13. Apr 2025